ក្រុងបាងកក ៖ ប្រទេសថៃមានផែនការ ផ្តល់ថ្នាំពន្លូតកូន ដោយស្របច្បាប់ សម្រាប់ស្ត្រីទាំងឡាយណា ដែលមិនចង់បានកូន ដោយផ្អែកតាម ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃច្បាប់ឧក្រិដ្ឋកម្ម និងបទបញ្ជានៃប្រទេសថៃ ហើយគម្រោងការនេះ នឹងត្រូវបានរៀបចំ ធ្វើឡើងដោយសុវត្ថិភាព និងគ្មានការចំណាយប្រាក់ច្រើន សម្រាប់ស្ត្រីណា ដែលចង់ពន្លូតកូន ជាពិសេសនោះ គឺជនរងគ្រោះ ពីការចាប់រំលោភ។
ជាទូទៅការពន្លូតកូន គឺជាអំពើខុសច្បាប់ ក្នុងប្រទេសថៃ។ ប៉ុន្តែស្ត្រីទាំងឡាយណា ដែលមិនចង់បានកូន ដោយសារតែបញ្ហា សុខភាពនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើបែបនេះ ក្នុងករណីខ្លះ។ ព័ត៌មានខាងវេជ្ជសាស្ត្របានបង្ហាញថា ថ្នាំលេបពន្លូតកូនទាំងនេះ ត្រូវបានគេហៅថា Mifepristone និង Misoprostol ហើយវាត្រូវបានប្រើប្រាស់ សម្រាប់អ្នកជម្ងឺ ដោយស្របតាមការព្យាបាល តាម ស្តង់ដាអន្តរជាតិ ដើម្បីបញ្ចប់ការមានផ្ទៃពោះ ៦៣ថ្ងៃឬ៩ សប្តាហ៍មកហើយនោះ។
អង្គការសុខភាពពិភពលោក បានចុះបញ្ជីថ្នាំទាំងនេះ ក្នុងបញ្ជីថ្នាំពិសេសរួចហើយ។ ប្រសិនបើថ្នាំទាំងនេះ ត្រូវបានចុះបញ្ជីស្របច្បាប់ ក្នុងប្រទេសថៃនោះ ការប្រើប្រាស់ថ្នាំទាំងនេះ គឺសិ្ថតក្រោមការគ្រប់គ្រង យ៉ាងតឹងរឹងពីក្រសួងសុខាភិបាល។ ដូច្នេះមានតែវេជ្ជបណ្ឌិត ប៉ុណ្ណោះដែលអាចចេញ វេជ្ជបញ្ជាចំពោះថ្នាំ ទាំងនេះបាន។ ថ្នាំទាំងនេះមិនអាច មានលក់នៅតាម ឳសថស្ថានទេ។ យ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា ថ្នាំទាំងនេះត្រូវបានដាក់លក់ តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងប្រទេសថៃ ទោះបីជាតម្លៃខ្ពស់ខ្លាំងក៏ដោយ៕
ប្រភព៖វត្តភ្នំ
0 comments