ប្រភព៖ដើមអំពិល
កំពង់ឆ្នាំង៖ យុវជន៣នាក់ បានជិះម៉ូតូ យ៉ាងលឿនបោះពួយ ពីលិចទៅកើត
បុករថយន្តហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ បណ្តាលអោយ យុវជនអ្នកបើកបរម្នាក់
បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ និង២នាក់ជិះ ពីក្រោយ រងរបួសធ្ងន់
និងស្រាល កាលពីវេលាម៉ោង ៥និង៤៥នាទី ល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣
នៅលើផ្លូវជាតិ លេខ៥ ចំណុចផ្លូវចេញ ពីរោងចក្រ អ៊ឹមនិងវ៉េ ស្ថិតនៅក្នុង
ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សាក្សីពីកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយគេបានឃើញ យុវជន៣នាក់
ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ
ភ្នំពេញ 1T-7013 ឌុបគ្នាបើកបោះពួយ យ៉ាងលឿន ពីលិចទៅកើត ទៅដល់ចំណុចកើតហេតុ
ស្របពេលមានរថយន្ត មកបន្តកន្ទុយគ្នា ទិសដៅពីត្បូង ទៅជើង
ម៉ូតូឌុបគ្នាទាំង៣នាក់ ក៏បានបុកចំ កង់រថយន្ត ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស
ទ្រុងពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-7002 ពេញមួយទំហឹង
បណ្តាលអោយអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
រីឯអ្នកជិះកណ្តាលរងរបួសធ្ងន់ សន្លប់ដេកស្តូកស្តឹងក្នុងថ្លុកឈាម
រីឯអ្នកជិះពីក្រោយរងរបួសបែកក្បាល ឈាមហូរកក្លាក់ ស្រោចខ្លួន ។
សាក្សីមួយចំនួនផ្សេងទៀត បាននិយាយថា យុវជនទាំង៣នាក់មានទីលំនៅ
ក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ពួកគេបានចេញពីកន្លែងផឹកស៊ីជាមួយមិត្តភក្តិ ក្នុងភូមិទួលក្រឡាញ់
សំដៅទៅខាងមុខរោងចក្រ អ៊ឹម និងវ៉េ
ប៉ុន្តែត្រូវជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅ ពាក់កណ្តាលផ្លូវបែបនេះ ។
ក្រោយកើតហេតុ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ត្រូវបាមសមត្ថកិច្ច
ជូនដំណឹងទៅក្រុមគ្រួសារ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក ជនរងគ្រោះ
ដែលរងរបួសត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែក
ខេត្តកំពង់ឆ្នាំង រីឯរថយន្ត ក្នុងគ្រោះថ្នាក់ចរាចរណ៍
បន្ទាប់ពីកើតហេតុភ្លាមៗបាន ព្យាយាមបើករត់គេច
ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ស្ទាក់ចាប់បាន
នៅខាងមុខមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង រួចបន្តយកទៅរក្សាទុក
នៅការិយល័យកណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
រង់ចាំការដោះស្រាយពេលក្រោយ ៕
0 comments