វិទ្យុអាស៊ីសេរី៖
គ្រាប់បែកមួយគ្រាប់ត្រូវប្រទះឃើញនៅក្បែរវេទិកាដែលគណបក្ស
សង្គ្រោះធ្វើពិធីជួបជុំអ្នកគាំទ្ររបស់ខ្លួនក្នុងខេត្តសៀមរាប។
គ្រាប់បែកចាស់ ដែលស្គាល់ថាប្រភេទគ្រាប់បែកទឹកដោះ
ទំនងថានាំចូលមកពីសហរដ្ឋអាមេរិក
ត្រូវប្រទះឃើញនៅលើដីត្រង់កន្លែងដែលមហាជនបានទៅជួបប្រជុំគ្នា
ក្នុងចម្ងាយប្រមាណ ៥០ម៉ែត្រពីវេទិកានៅក្បែររបងវត្តគង់ម៉ុច
ដែលគេរៀបចំស្វាគមន៍ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
នៅពេលដែលលោកចុះទៅជួបអ្នកគាំទ្រនៅព្រឹកថ្ងៃទី១២ ខែកញ្ញា
នៅខាងកើតស្ទឹងសៀមរាប ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។
អ្នកចូលរួមបានឃើញគ្រាប់បែកនោះនៅម៉ោងប្រមាណ ១១ព្រឹក
គឺនៅក្រោយពេលដែលអ្នកចូលរួមភាគច្រើនបាននាំគ្នាហែក្បួនជាមួយ
លោក សម រង្ស៊ី ទៅធ្វើពិធីបួងសួងនៅព្រះអង្គចេកព្រះអង្គចម។
សមត្ថកិច្ចបានសន្និដ្ឋានថា
គ្រាប់បែកចាស់មួយគ្រាប់នោះទំនងជាកប់នៅក្នុងដីជាច្រើនឆ្នាំមក
ហើយ។
វាអាចលេចចេញពីដីនៅពេលមានមនុស្សច្រើនទៅជាន់លើដីដែលបានកប់
វា។ មកដល់ពេលនេះ សមត្ថកិច្ចពុំបានសង្ស័យថា
អាចមានមនុស្សដាក់គ្រាប់បែកនោះឡើយ។
យ៉ាងណា អ្នកនៅកន្លែងប្រទះឃើញគ្រាប់បែក
និងអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលការជួបប្រជុំនោះ
នៅតែចាត់ទុកថា គ្រប់បែកមួយគ្រាប់នោះ គឺត្រូវគេដាក់
ព្រោះគេពុំបានប្រទះឃើញស្នាមដីស្រុត ឬរបើក
ដែលអាចអោយគ្រាប់បែកនោះលេចចេញមកឡើយ។
មកដល់ពេលនេះ
សមត្ថកិច្ចកំពុងឃ្លាំមើលនៅទីតាំងមានគ្រាប់បែកនោះ
រង់ចាំសមត្ថកិច្ចជំនាញពិនិត្យ និងដោះគ្រាប់បែក។ គ្រាប់បែកនោះ
គឺស្ថិតក្នុងសភាពសឹករេចរឹលខ្លាំង
ជាពិសេសកន្លាស់របស់វាបានសឹកស្ទើររបេះដាច់ ធ្វើអោយរលង់ស្លាបព្រា
ដែលមានន័យថា
វាអាចផ្ទុះបានគ្រប់ពេលវេលានៅពេលដែលមានកម្លាំងប៉ះពាល់ខ្លាំង
ឬរមៀលខ្លាំង។
នៅក្នុងការជួបប្រជុំនៅព្រឹកនេះ គឺមានពលរដ្ឋចូលរួមជាង
២.០០០នាក់ ក្នុងពេលនោះ មេដឹកនាំគណបក្សប្រឆាំងគឺ លោក សម សង្ស៊ី និង
លោក កឹម សុខា បានប្រកាសកៀងគរអ្នកសៀមរាប
អោយចូលរួមបាតុកម្មប្រឆាំងលទ្ធផលឆ្នោត ដែលគ្រោងធ្វើនៅភ្នំពេញ
នៅថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា។
-------------
ប្រភព៖នាវា
រក្សាសិទ្ធិ © ២០០៦ វិទ្យុអាស៊ីសេរី ។
បោះពុម្ពផ្សាយបន្តដោយមានការអនុញ្ញាតពីវិទ្យុអាស៊ីសេរី ដែលមាន
អាសយដ្ឋានៈ 2025 M St. NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ
www.rfa.org ។
0 comments