ប្រភព៖ដើមអំពិល
ភ្នំពេញ ៖ ជនសង្ស័យជានារី ២នាក់បងប្អូន ត្រូវសន្តិសុខផ្សារបឹងកេងកង ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍បឹងកេងកងទី១ ពីបទ លូកកាបូបលុយ កាលពីវេលាម៉ោង ១៥ និង៤០នាទីរសៀល ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចក្នុងផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
តាមការឲ្យដឹង ពីសមត្ថកិច្ចនគរបាល ខណ្ឌចំការមនបានឲ្យដឹងថា នារី២នាក់បងប្អូន ដែលធ្វើសកម្មភាព លូកកាបូបគេ ក្នុងផ្សារបឹងកេងកងនេះ ម្នាក់ឈ្មោះ សេង សំណាង អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ និងម្នាក់ ទៀត ឈ្មោះ សេង លាវ អាយុ១៨ឆ្នាំ មុខរបរ ជានារីបម្រើក្នុងខារ៉ាអូខេ ទាំងពីរនាក់បងប្អូន ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
តាមការរៀបរាប់ របស់ស្ត្រីជាម្ចាស់កាបូប ឈ្មោះ សៅ សុផាឌី អាយុ៣០ឆ្នាំ បាននិយាយប្រាប់សមត្ថកិច្ច ថា ដំបូងរូបគាត់ ដើរចូលទៅរកទិញអីវ៉ាន់ នៅក្នុងផ្សារបឹងកេងកង ក៏ស្រាប់តែនាង ២នាក់ បងប្អូន បាន លូកដៃយក របស់នៅក្នុងកាបូប ក៏ត្រូវអាជីវករលក់ខោអាវក្នុងផ្សារឃើញ ក៏ប្រាប់ស្រី្តជាម្ចាស់កាបូប រួចចាប់ ប្រគល់ឲ្យសន្តិសុខផ្សារ នាំខ្លួនឲ្យនគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់ ។
ស្រ្តីជាម្ចាស់កាបូប មិនបានដាក់ពាក្យបណ្តឹងទេ ព្រោះនៅក្នុងកាបូបមិនមានបាត់ បង់របស់អ្វី។ តែទោះបី ម្ចាស់កាបូបមិនដាក់ពាក្យ បណ្តឹងក៏ដោយ ក៏សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់កាតាមនីតិវិធីច្បាប់ដដែល ៕
0 comments