Saturday, September 14, 2013

ក្រុមបាតុករដឹកនាំ ដោយលោក សម រង្ស៊ី និង កឹម សុខា ប៉ះទង្គិចជាមួយ សមត្ថកិច្ច

- ក្រុមបាតុករ ហាក់មិនត្រូវបានគ្រប់គ្រង ឲ្យបានល្អប្រសើរ កំពុងដើរស្រែកតាមទីសាធារណៈ
- លោក សម រង្ស៊ី និង លោក កឹម សុខា ព្យាយាមដង្ហែតាមផ្លូវ សមត្ថកិច្ចហាមឃាត់
- កន្លែងលក់រថយន្តជាច្រើន នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សត្រូវបានបិទទ្វារ
ភ្នំពេញ៖ កម្លាំងបាតុកម្មករជាច្រើននាក់ ដឹកនាំ ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោក កឹម សុខា ជាអនុប្រធាន កំពុងប្រឈមមុខ និងប៉ះទង្គិចគ្នានៅតាមបណ្តោយដងផ្លូវព្រះស៊ីសុវត្ថិ ម្តុំវត្តឧណ្ណាឡោម ក្នុងទឹកដីខណ្ឌដូនពេញ ខណៈក្រុមបាតុករព្យាយាមរុលទៅកាន់តំបន់ហាមឃាត់។
តាមប្រភពព័ត៌មានពីកន្លែងប្រឈមរបស់រវាងបាតុករ និងសមត្ថកិច្ច បានឲ្យដឹងថា នៅក្រោយពេលដែលលោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែងសុន្ទរកថា នៅទីលានប្រជាធិបតេយ្យហើយនោះ វេលាម៉ោងប្រមាណជា ១១ថ្ងៃទី១៥ ខែកញ្ញា ថ្នាក់ដឹកនាំទាំងពីរ បានដឹកនាំបាតុករជាច្រើននាក់ដើរដង្ហែក្បួនទៅកាន់មាត់ទន្លេតាម បណ្តោយផ្លូវព្រះស៊ីសុវត្ថិ និងគ្រោងទៅកាន់តំបន់ហាមឃាត់ជាច្រើនផ្សេងទៀត។
បើតាមសមត្ថកិច្ចបានបញ្ជាក់ ដោយសារតែលោក សម រង្ស៊ី និង កឹម សុខា មិនព្រមគោរពតាមបទបញ្ជារបស់ ក្រសួងមហាផ្ទៃ ហើយមានៈដង្ហែទៅកាន់ផ្លូវសាធារណៈសំខាន់ៗ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទើបសមត្ថកិច្ចត្រូវតែចាត់វិធានការណ៍ឲ្យនូវការរក្សាសន្តិសុវត្ថិភាព និង សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់ពីទីលានប្រជាធិបតេយ្យវិញ បានឲ្យដឹងផងដែរថា នៅក្រោយលោក សម រង្ស៊ី និង លោក កឹម សុខា ថ្លែងសុន្ទរកថាចប់ ហើយដើរចេញទៅ ដោយមិនបានប្រកាសរបៀបវារៈបន្តនោះ បានធ្វើឲ្យក្រុមបាតុករ ហាក់កំពុងដើររាយប៉ាយតាមផ្លូវសាធារណៈជាច្រើន ដែលសមត្ថកិច្ចហាមឃាត់។
ដោយក្រុមបាតុករខ្លះធ្វើដំណើរតាមលោក សម រង្ស៊ី និង លោក កឹម សុខា បាតុករខ្លះទៀត ទៅរកអាហារសម្រន់។ បាតុករជាច្រើនផ្សេងទៀត នាំគ្នាទៅស្រែកតវ៉ានៅវត្តភ្នំ និងនៅតាមទីសាធារណៈមួយចំនួនផ្សេងទៀត  ដែល សកម្មភាពមើលទៅហាក់គ្មានការគ្រប់គ្រងឲ្យបានច្បាស់លាស់នោះឡើយ។
យុទ្ធសាស្រ្តរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចទម្លាយថា កំពុងព្យាយាមបង្កើតសកម្មភាពហួសដែនកំណត់ ដែលបានអនុញ្ញាតដោយសមត្ថកិច្ច ពោលថ្នាក់ដឹកនាំទាំងពីរព្យាយាមដឹកនាំក្រុមបាតុករធ្វើដំណើរតាមផ្លូវ ដែលហាមឃាត់ជាច្រើន ជាហេតុធ្វើឲ្យការប៉ះទង្គិចជាមួយសមត្ថកិច្ច។
បើតាមសេចក្តីរាយការណ៍ពីការប៉ះទង្គិចជាមួយសមត្ថកិច្ចនៅបណ្តោយផ្លូវព្រះស៊ីសុវត្ថិនោះ បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង១៧នាទី ក្រោយពេលសមត្ថកិច្ចរារាំង មិនឲ្យធ្វើដំណើរទៅកាន់មាត់ទន្លេ លោក សម រង្ស៊ី និង លោក កឹម សុខា បានបង្វែរទិសដៅ ដោយដឹកនាំក្រុមបាតុករធ្វើដំណើរមកកាន់ផ្សារកណ្តាល ហើយឆ្ពោះទៅទីលានប្រជាធិបតេយ្យវិញ ដែលធ្វើឲ្យចរាចរណ៍នៅជុំវិញផ្សារ ហាក់កំពុងមានភាពរញ៉េរញ៉ៃជាខ្លាំង។
ដោយឡែកនៅតាមបណ្តោយផ្លូវព្រះមុនីវង្សឯណេះវិញ យានដ្ឋានលក់រថយន្ត និងផ្ទះប្រជាពលរដ្ឋជាច្រើន បាននាំគ្នាបិទទ្វារទាំងពីព្រឹកព្រលឹមមកម្ល៉េះ ក្នុងបំណងរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិរបស់ពួកគេ។




________________
ប្រភព៖ដើមអំពិល
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top