Thursday, September 5, 2013

នារី​ខ្មែរ​​ធ្វើ​​ការ​នៅ​​កន្លែង​​កម្សាន្ត​​ទម្លាយ​​រឿង​អស់​​ព្រហ្ម​​ចារី​​លើក​ដំបូង

ប្រភពពី៖សប្បាយ

នារី​ខ្មែរ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​​ ការ​ធ្លាក់​ខ្លួន​មក​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​នានា​ ជាពិសេស​តាម​ហាង​ខារ៉ាអូខេ​ គឺ​ដោយសារ​ខ្លួន​បាន​បាត់​បង់​ព្រហ្មចារី​ទៅ​លើ​បុរស​ៗ។ តើ​នាង​បាន​បាត់​បង់​​ព្រហ្មចារី​ដោយ​របៀប​ណា? ហេតុ​អ្វី​គ្រាន់​តែ​បាត់​បង់​ព្រហ្មចារី​ សុខ​​ចិត្ត​មក​​ធ្វើ​ការ​នៅ​កន្លែង​​កម្សាន្ត​ទាំង​នោះ?
ស្រី​លក្ខណ៍​ ​អាយុ២៣ឆ្នាំ​ ធ្វើ​ការ​ក្នុង​​ហាង​ខារ៉ា​អូខេ​មួយ​នៅ​​ម្ដុំ​ស្ថាន​ទូត​រុស្ស៊ី​ បាន​​រៀប​រាប់​ទាំង​ទឹក​មុខ​​ស្រងូត​ស្រងាត់​ថា​ កាល​ពី​មុន​​នាង​​មិន​មែន​​ធ្វើ​ការងារ​នៅ​ក្នុង​​ខារ៉ាអូខេ​អីចេះ​ទេ។​ ដំបូង​ គឺ​នាង​ធ្វើ​ការ​នៅ​រោង​ចក្រ​ប៉ុណ្ណោះ​ ក្រោយ​មក​នាង​ក៏​មាន​សង្សារ​ម្នាក់។​

ស្រី​លក្ខណ៍​ថា៖ “ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ជ្រុល​ជ្រួស​អស់​ព្រហ្មចារី​ជាមួយ​នឹង​សង្សារ​របស់​ ខ្ញុំ។ ស្រលាញ់​គ្នា​មិន​បាន​​ប៉ុន្មាន​ផង​​ សង្សារ​ខ្ញុំ​ក៏​សុំ​បែក​ ព្រោះ​គេ​បែក​ចិត្ត​​ស្រលាញ់​ស្រី​ផ្សេង។ ដោយ​មាន​ការ​ឈឺ​ចាប់​ និង​ខូច​ចិត្ត​ពេក​ ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​ចូល​មក​ធ្វើ​​ការ​ក្នុង​ខារ៉ាអូខេ​រហូត​មក”។
ចំណែក​ ស្រី​ខួច​ ​សិស្ស​នៃ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ដែល​កំពុង​ធ្វើ​ការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទេពផន​​បាន​ ប្រាប់​ឲ្យ​ដឹង​ផង​ថា​ ការ​ដែល​នាង​មក​ធ្វើ​ការ​នៅ​ក្នុង​កន្លែង​កម្សាន្ត​បែប​នេះ​ គឺ​ដោយ​សារ​តែ​នាង​ចង់​រក​លុយ​​សម្រាប់​ផ្គត់​ផ្គង​ការ​​ចាយ​វាយ​ដោយ​ខ្លួន​ ឯង​ ជា​ពិសេស​លើ​ការ​រៀន​សូត្រ​។
ស្រី​ខួច​បាន​បន្ថែម​ទៀត​ថា​៖ “ម្យ៉ាង​ទៀត​ ដោយ​សារ​តែ​ខូច​ចិត្ត​ ចំពោះ​សង្សារ​ដែល​ស្រលាញ់​ស្ទើរ​លេប​ តែ​ពេល​​បាន​ខ្លួន​បាន​ប្រាណ​ខ្ញុំ​ហើយ ​​បែរជា​បោះបង់​ខ្ញុំ​ចោល​ ទើប​ខ្ញុំ​បង្ខំ​ចិត្ត​មក​ធ្វើ​ការ​នៅ​កន្លែង​នេះ”។
រីឯ​ ស្រីម៉ុច​ មាន​ស្រុក​កំណើត​នៅ​​ខេត្ត​កោះ​កុង​ ​ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ ក្នុង​ខណ្ឌ​ដូនពេញ​បាន​និយាយ​ថា​ ពី​ដំបូង​ឡើយ​ នាង​​ឡើង​មក​រៀន​ជំនាញ​អ៊ុត​សក់​ និង​ផាត់​មុខ​នៅ​ភ្នំ​ពេញ។ មិន​ដល់​មួយ​ឆ្នាំ​ផង​ នាង​​ក៏​បាន​ស្រលាញ់​គ្នា​ជា​មួយ​បុរស​ម្នាក់​ អាយុ​ប្រហែល​៣០​ប្លាយ។
ស្រីម៉ុច​ថា៖ “ពេល​នោះ​ហើយ​ គឺ​ជា​ពេល​ដែល​ខ្ញុំ​បាន​ប្រគល់​អ្វី​ៗ​គ្រប់​យ៉ាង​ជូន​គាត់។ ក្រោយ​មក​ទៀត​ទើប​ខ្ញុំ​ដឹង​ថា​ គាត់​មាន​ប្រពន្ធ​ និង​កូន​រួច​ទៅ​ហើយ។ ​ដោយ​សារ​តែ​មាន​ការ​ខក​ចិត្ត​ និងសោក​​ស្ដាយ​​ពេក​ ចាប់​ពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​គាត់​ ហើយ​ក៏​សម្រេច​ចិត្ត​ប្ដូរ​មក​ធ្វើ​ការ​ជា​នារី​ខារ៉ាអូខេ​រហូត​មក”។
អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ ​ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា​ អ្នក​ស្រី​ អ៊ូ ទេព​ផល្លីន ​ដែល​តែង​តែ​ធ្វើ​ការ​ជិត​ស្និត​ជាមួយ​នឹង​នារី​ៗ​ធ្វើ​ការ​កន្លែង​កម្សាន្ត ​បាន​ពន្យល់​ឲ្យ​ដឹង​ថា​៖ “មូល​ហេតុ​ចម្បង​ដែល​ជា​បញ្ហា​ប្រឈម​ចំពោះ​នារី​ធ្វើ​ការ​កន្លែង​កម្សាន្ត​ ហើយ​ឈាន​ដល់​ការ​រួម​ភេទ​ អាច​បណ្ដាល​មក​ពី​កត្តា​ ជីវភាព​គ្រួសារ​ទី​ទាល់​ក្រ​ ចាញ់​បោក​សង្សារ​ ខ្វះ​ចំណេះ​ដឹង​ គ្មាន​ជំនាញ​ និង​ខ្វះ​ដើម​ទុន​ជា​ដើម​ ដូច្នោះ​ហើយ​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់​ មាន​តែ​សម្រេច​ចិត្ត​ចូល​ធ្វើ​ការ​កន្លែង​កម្សាន្ត​តែ​ប៉ុណ្ណោះ​ ទោះ​បី​ជា​ដឹង​ថា​ វា​ជា​ការងារ​ដែល​មិន​សូវ​ថ្លៃ​ថ្នូរ​ក៏​ដោយ”។
អនុប្រធាន​ដដែល​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ តាម​រយៈ​ការ​សង្កេត​របស់​គាត់​ឃើញ​ថា​ នារី​ដែល​ធ្វើ​ការ​កន្លែង​កម្សាន្ត​ អាច​ប្រឈម​នឹង​បញ្ហា​មួយ ​ចំនួន​ដូច​ជា​ អំពើ​ហិង្សា​ ការ​បៀតបៀន​ផ្លូវ​ភេទ​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ជា​ដើម។ អ្នក​ស្រី​ក៏​សំណូម​ពរ​ដល់​បុរស​ៗ​ដែល​ចូល​ចិត្ត​ស្វែង​រក​សេវា​កម្សាន្ត​ថា ​​មេត្តា​យោគ​​យល់​ អធ្យាស្រ័យ​​ និង​គោរព​ដល់​សិទ្ធិ​បុគ្គល​របស់​​ពួក​គាត់​ផង​ ទោះ​បី​ជា​ពួក​គាត់​ធ្វើ​ការ​ងារ​ប្រភេទ​នេះ​ក៏​ដោយ”៕

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top