ប្រភពពី៖ Lookingtoday
ភ្នំពេញ៖ រដូវវស្សាបានចូលមកដល់ ក៏ជារដូវដែល
តារាចម្រៀងស្រុកខ្មែរនាំគ្នា វេចបង្វេចទៅក្រៅប្រទេស ដើម្បីរកប្រាក់
ចំណូលបន្ថែមទៀត ប្រសើរជាជាងដេកនៅ ផ្ទះដកដង្ហើមចោលទទេៗ ។ ជាក់ស្ដែង
តារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា នាំគ្នាទៅច្រៀងក្រៅប្រទេស
ខណៈដែលពួកនាង ស្ងប់ស្ងាត់សកម្មភាព សិល្បៈក្នុងស្រុក ។ ចំណែកកំពូលតារាចម្រៀង
ព្រាប សុវត្ថិ ក៏ទើបតែត្រឡប់ ពីអូស្រ្តាលី ថ្មីនេះដែរ។
ចុះកំពូលតារាចម្រៀងប្រុស ខេមរៈ សិរីមន្ត វិញ ហេតុអ្វីមិនមានគំរោង ចេញទៅ
សម្ដែងក្រៅប្រទេស ដូចតារាចម្រៀងដទៃ ខណៈដែលលោក ក៏កំពុងមមាញឹក
ក្នុងអាជីពជាតារាចម្រៀង តែរដូវនេះ លោកក៏ត្រូវរវល់ ជាមួយការថតភាពយន្ត
របស់ផលិតកម្ម សាន់ដេ ដែលលោកជាតួធំដដែល ។
មានប្រភពមួយ បាននិយាយពីការ មិនចេញក្រៅរបស់ លោក ខេមរៈ សិរីមន្ត
បាននិយាយប្រាប់ LookingTODAY ថា តាមពិតទៅ ប្រជាជនខ្មែរ រស់នៅក្រៅប្រទេស
ស្រឡាញ់ ខេមរៈ សិរីមន្ត ណាស់។ តែតារាចម្រៀងនេះ ពេលទៅសម្ដែង នៅក្រៅប្រទេសវិញ
បែរជាតំឡើងឫកខ្ពស់កប់ពពក មិនសូវស្វាគមន៍ បងប្អូនខ្មែរយើងឡើយ ។ ពិសេសកាលពី
លោក ខេមរៈ សិរីមន្ត នៅសហរដ្ឋអាមេរិក លើកមុន ដែលដំបូងមាន ទស្សនិកជន
កុះករណាស់ តែតាំងពីលោកបញ្ចេញ ចរិកបែបនោះមក ការសម្ដែងរបស់លោក ក៏មានការថយចុះ
ចំនួនអ្នកទស្សនាជាបន្តបន្ទាប់។
ចំណែក ខេមរៈ ស្រីពៅ វិញ បានប្រកែកដាច់ខាតថា មិនច្រៀងជាមួយ
តារាចម្រៀងប្រុសណា ក្រៅពីបងប្រុសនាងទេ ធ្វើឲ្យក្រុមតន្រ្តី ដែលប្រគំឲ្យ
តារាចម្រៀងពីរនាក់ បងប្អូននេះ សង្គ្រឺតធ្មេញ មិនតិចទេ ព្រោះហួសចិត្តនឹង
ចរិកឡូយអស្ចារ្យពេក ។ ពួកគេបន្តថា ពេលតារាចម្រៀងល្បីស្រុកខ្មែរ
មកសម្ដែងពួកគេ សប្បាយចិត្តណាស់ តែបើមកបញ្ចេញ ចរិតបែបហ្នឹង មិនបាច់មកទេ
ហើយពួកគេ ក៏មិនអាចទទួល យកបានដូចគ្នា ព្រោះខំស្រឡាញ់គាំទ្រ តែកាច់ឫកពេក
ពួកគេក៏មិនស្វាគមន៍ដូចគ្នា ។
ពាក់ព័ន្ធជាមួយនឹង ការលើកឡើងនេះ LookingTODAY បានព្យាយាមទំនាក់ទំនង
ទៅកាន់លោក ខេមរៈ ភារុណ ដែលជាបងប្រុស តារាចម្រៀងទាំងពីរដួងនេះ
និងជាអ្នកនាំពាក្យផងនោះ ប៉ុន្តែពេលទូរស័ព្ទចូល បែរជាមាន
មនុស្សស្រីជាអ្នកទទួល ហើយបានប្រាប់ថា លោក ខេមរៈ ភារុណ កំពុងជាប់រវល់។
យ៉ាងណាក្ដី LookingTODAY នឹងរង់ចាំការបកស្រាយបញ្ជាក់ ពីសំណាក់ត្រកូល ខេមរៈ
នៅពេលណាមួយ ដើម្បីឲ្យមហាជន អស់សង្ស័យទៅលើ ការចោទឡើងខាងលើនេះ ដោយក្ដីរីករាយ៕
0 comments