Thursday, August 15, 2013

ធនាគារ​គូកមីន​ឧបត្ថម្ភ​កុមារ​កម្ពុជា​មាន​ជំងឺ​បេះដូង​ប្រហោង​១០​រូប​ទៅ​ព្យាបាល​នៅ​កូរ៉េ



130815_20aភ្នំពេញៈ ដោយ ​ក្តីអាណិត​ស្រឡាញ់​ចំពោះ​ប្រជាជន ក៏​ដូចជា​កុមារ​កម្ពុជា ធនាគារ​គូកមីន (Kookmin Bank) រួម​ជាមួយ​នឹង​អង្គភាព​សេវា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​កូរ៉េ​ (Financial Supervisory Service) និង​អង្គការ​សាលវេស៊ិន​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​រួម​គ្នា​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កម្ពុជា​មាន​ជំងឺ​បេះដូង​ប្រហោង​ តាំងពី​កំណើត​ចំនួន​១០​នាក់ ឲ្យ​ពួកគេ​បាន​ទៅ​ទទួល​ការ​វះកាត់​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ Sejong ប្រទេស​កូរ៉េ​។
ក្រោយ​ពេល​នាំ​កុមារ​កម្ពុជា​ទាំង​១០​រូប​ទៅ​ទទួល​ការ​វះកាត់​នៅ​ប្រទេស​ កូរ៉េ ហើយ​ទទួល​បាន​ជោគជ័យ​នោះ លោក Lee Kun Ho នាយកប្រតិបត្តិ​នៃ​ធនាគារ​គូកមីន លោក​ទេសាភិបាល​នៃ​អង្គភាព​សេវា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​កូរ៉េ នាយក​អង្គការ​សាលវេស៊ិន នៃ​សាធារណ:រដ្ឋ​កូរ៉េ លោក​អគ្គកុងស៊ុល​នៃ​ស្ថានឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ ទីក្រុង​សេអ៊ូល រួម​ជាមួយ​កញ្ញា In-Bee Park ដែល​ជា​ជើងឯក​ពិភពលោក​នៃ​កីឡា​វាយ​កូនគោល​បាន​ចុះ​សួរ​សុខទុក្ខ​កុមារ​ កម្ពុជា​ទាំងអស់​ហើយ​បាន​ផ្តល់​ជា​អំណោយ​ឧបត្ថម្ភ​ដល់​ពួកគេ​ផង​ដែរ​។
លោក Lee Kun Ho នាយកប្រតិបត្តិ នៃ​ធនាគារ​គូកមីន បាន​ឲ្យ​ដឹងថា កម្មវិធី​ដែល​មាន​ឈ្មោះ​ថា «​ឧបត្ថម្ភ​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​ពី​កំណើត​»​គឺជា​ កម្មវិធី​មួយ​នៃ​កម្មវិធី​រួម​ចំណែក​ទទួល​ខុសត្រូវ​ផ្នែក​សង្គម​ជា​សកល ( Global Corporate Social Responsibility) របស់​ធនាគារ​គូកមីន​។ កម្មវិធី​នេះ មាន​សារ:សំខាន់​ណាស់ ដោយសារ​នោះ​ជា​កម្មវិធី​ដែល​មាន​ការ​ចូលរួម​ជាមួយ​អង្គភាព​សេវា​ហិរញ្ញវត្ថុ ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ដែល​ជា​អង្គភាព​គ្រប់គ្រង​និង​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ ប្រទេស​កូរ៉េ​ទាំងមូល ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​របស់​កម្ពុជា​។
លោក Lee Kun Ho មាន​ប្រសាសន៍​ថា​៖​«​ក្នុង​ឆ្នាំ​២០១៣​នេះ កម្មវិធី​ឧបត្ថម្ភ​របស់​ធនាគារ​គូកមីន បាន​ជួយ​ឧបត្ថម្ភ​កុមារ​កម្ពុជា​ចំនួន​ដប់​នាក់ ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​ពី​កំណើត មក​ធ្វើការ​វះកាត់​នៅ​ប្រទេស​កូរ៉េ ហើយ​កុមារ​ទាំង​ដប់​នាក់​បាន​ទទួល​ការ​វះកាត់​ដោយ​ជោគជ័យ និង​ជាសះស្បើយ​បាន​យ៉ាង​ឆាប់​រហ័ស​ថែម​ទៀត​ផង​»​។ លោក​បន្ត​ថា​៖​«​កាលពី​ឆ្នាំ​២០១២ ធនាគារ​គូកមីន បាន​ជួយ​ឧបត្ថម្ភ​កុមារ​កម្ពុជា ចំនួន​បី​នាក់ ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​នេះ​ដែរ ហើយ​ឆ្នាំ​នេះ​យើង​បាន​បង្កើន​ការ​ឧបត្ថម្ភ​រហូត​ដល់​ចំនួន​១០​នាក់​»។
អ្នកនាង មឿង លក្ខិណា ប្រធាន​ធនធាន​មនុស្ស និង​គម្រោង​នៅ​ធនាគារ​គូកមីន បាន​ឲ្យ​ដឹង​ថា កុមារ​កម្ពុជា​ទាំង​ដប់​រូប​ដែល​ទទួល​ការ​ឧបត្ថម្ភ​របស់​ធនាគារ​គូកមីន​នេះ មាន​ប្រុស​៣​នាក់ និង​ស្រី​៧​នាក់ ហើយ​ពួកគេ​មកពី​ភ្នំពេញ កណ្តាល តាកែវ កំពង់ឆ្នាំង និង​កំពង់ចាម​។ អ្នកនាង​បញ្ជាក់​ថា ក្មេង​ទាំង​១០​រូប​នោះ​មាន​វ័យ​ចន្លោះ​ពី​៧​ខែ​រហូត​ដល់​១៦​ឆ្នាំ​ហើយ​ពួកគេ ​សុទ្ធតែ​ជា​កុមារ​ក្រីក្រ ដែល​ឪពុកម្តាយ​គ្មាន​លទ្ធភាព​ព្យាបាល ក្រោយ​អង្គការ​របស់​កូរ៉េ និង​មន្ទីរ​កូរ៉េ​នៅ​កម្ពុជា​រក​ឃើញ​ថា ពួកគេ​ពិតជា​ក្រីក្រ ហើយ​ត្រូវ​ការ​សង្គ្រោះបន្ទាន់​នោះ​។
កុមារី សួន ស្រីនីត អាយុ​១២​ឆ្នាំ ដែល​ជា​កុមារ​មាន​ជំងឺ​ម្នាក់ ក្នុង​ចំណោម​ពួកគេ​ទាំង​ដប់​នាក់ ទើប​តែ​រៀន​ត្រឹម​ថ្នាក់​ទី​មួយ​នៅ​បឋមសិក្សា ថ្វី​បើ​នាង​មាន​អាយុ​១២​ឆ្នាំ​ហើយ​ក៏​ដោយ​។ ដោយសារ​បងប្រុស​និង​បងស្រី​នាង បោះបង់​ការ​សិក្សា​និង​បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ ទើប​នាង និង ប្អូន​របស់​នាង​មាន​លទ្ធភាព​បាន​ទៅ​សិក្សា​នៅ​សាលា​បឋមសិក្សា​នៅ​ឆ្នាំ​នេះ​ ។ កាល​ពី​ពីរ​ឆ្នាំ​មុន នាង​មាន ជំងឺ​គ្រុនឈាម និង​ត្រូវ​បាន​ឪពុកម្តាយ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​ក៏​បាន​រក​ឃើញ​ដោយ​ចៃដន្យ​ពី​ជំងឺ​បេះដូង​ពី​កំណើត​របស់​នាង​។ នាង​បាន​ឈឺ​រ៉ាំរ៉ៃ​ពី​រោគសញ្ញា​នៃ​ជំងឺ​បេះដូង​នេះ តាំង​ពី​កំណើត ប៉ុន្តែ ឪពុកម្តាយ​របស់​នាង គ្មាន​លទ្ធភាព​យក​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ជា​ភ័ព្វសំណាង កុមារី​នេះ បាន​ទទួល​ការ​ឧបត្ថម្ភ ពី​ធនាគារ​គូកមីន ដើម្បី​យក​នាង​ទៅ​វះកាត់ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​Sejong​ប្រទេស​កូរ៉េ ។
អ្នកនាង​លក្ខិណា​បញ្ជាក់​ថា​៖​«​ក្រោយ​ពេល​ចេញ​ទៅ​ព្យាបាល​កាលពី​ថ្ងៃ​ទី ​២៦ ខែ​កក្កដា នៅ​ពេល​នេះ ពួកគេ​បាន​ជាសះស្បើយ​ហើយ ហើយ​ពួកគេ​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៥ សីហា នេះ​»។
ពាក់ព័ន្ធ​នឹង​គម្រោង​ជួយ​កុមារ​កម្ពុជា​នេះ លោក Lee Kun Ho បាន​បញ្ជាក់​ថា​៖​«​ចំពោះ​កម្មវិធី​ជួយ​ឧបត្ថម្ភ​កុមារ​កម្ពុជា ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​នេះ ធនាគារ​គូកមីន មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​កុមារ​កម្ពុជា រយ:ពេល​វែង មានន័យ​ថា ធនាគារ​នឹង​បន្ត​ជួយ​កុមារ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​»។ លោក​បន្ត​ថា​៖​«​ក្រៅពី​នេះ កន្លង​មក ធនាគារ​គូកមីន​ក៏​បាន​ជួយ​ឧបត្ថម្ភ​ផ្តល់​អាហារ​ថ្ងៃ​ត្រង់ ដល់​កុមារ​ក្រីក្រ​កម្ពុជា​ដែល​រៀន​នៅ​បឋមសិក្សា តាមរយ:​អង្គការ​ស្បៀងអាហារ​ពិភពលោក​ពី​ឆ្នាំ​២០០៩​ផង​ដែរ ហើយ​ក៏​ធ្លាប់​ជួយ​សង់​ផ្ទះ​ដល់​ប្រជាជន​ក្រីក្រ​នៅ​សៀមរាប និង​គម្រោង​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​កំពត​»។
បច្ចុប្បន្ន ធនាគារ​គូកមីន​កម្ពុជា ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ធនាគារ​គូកមីន​នៅ​ប្រទេស​កូរ៉េ​មាន​គម្រោង​បើក​ សាខា​ធនាគារ​គូកមីន​ដែល​មាន​ទីតាំង​នៅ​ទួលគោក​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុន​ នេះ ។ ធនាគារ គូកមីន​កម្ពុជា នឹង​បម្រើ​សេវា​ហិរញ្ញវត្ថុ ដែល​មាន​គុណភាព​ខ្ពស់ ជូន​អតិថិជន នៅ​ប្រទេស​កម្ពុជា​។ ធនាគារ​គូកមីន នឹង​បន្ត​ឧបត្ថម្ភ​កុមារ​នៅ​ទូទាំង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី ហើយ​ធនាគារ​បុត្រសម្ព័ន្ធ​របស់​គូកមីន​នៅ​កូរ៉េ​នេះ នឹង​ដើរ​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​នៅ​ប្រទេស​កម្ពុជា​៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top