ប្រភពពី៖ PostKhmer
ភ្នំពេញៈ ក្រោយការលើកស្ទួយឡើងខ្ពស់កប់ពពកឲ្យក្លាយជាតួឯក
ក្នុងខ្សែរឿងភាគនិងដុំ៣រឿងជាប់ៗគ្នានោះ តារាសម្តែងស្រស់បវរនាង
មាន សូនីតា
ក៏បានក្លាយខ្លួនជាតារាសម្តែងស្រីដែលស្និទ្ធបំផុតជាមួយនឹងអ្នក
ដឹកនាំរឿងម្ចាស់ពានអាណាចក្រតារាឆ្នាំ២០១៣ អ្នកស្រី ពាន់ ភួងបុប្ផា
ហើយភាពជិតដិតប្រៀបបានសាច់ញាតិរបស់អ្នកទាំងពីរនេះ
ស្របពេលដែលភាពជាប្តីប្រពន្ធរវាងកូនប្រុសរបស់អ្នកស្រី ពាន់
ភួងបុប្ផា និងតារាសម្តែងស្រីនាង សោម ម៉ាល័ក្ខ បែកបាក់គ្នា។
ហេតុផលនេះនាំឲ្យមាន សូនីតា ត្រូវស្ថិតនៅក្នុងការសង្ស័យថា
នាងជាជនទី៣ នៃការបែកបាក់ស្នេហ៍របស់សោម ម៉ាល័ក្ខ។
យ៉ាងណាមិញការលើកឡើងពីហេតុផលនេះត្រូវបានតារាសម្តែងទើបឡើង
កូដ នាង មាន សូនីតា ធ្វើការបដិសេធភ្លាមថា នាងមិនមែនជាមនុស្សទី៣
ចូលខ្លួនបំបែកស្នេហ៍របស់ សោម ម៉ាល័ក្ខ និងកូនអ្នកស្រី ពាន់ ភួងបុប្ផា
គឺលោក ទូច ភួងវីរៈ ទេ។
តារាសម្តែងដែលវេចបង្វេចពីស្រុកកំណើតនៅស្រុកកំពង់សៀម
ខេត្តកំពង់ចាម
មកស្វែងរកអនាគតក្នុងសង្គមសិល្បៈតាមរយៈការប្រឡងហ្វ្រេស៊ីឆ្នាំ
២០០៩ ជំនាន់ទី៨ នាង មាន សូនីតា បានឲ្យដឹងថា
ថ្វីដ្បិតតែរូបនាងបានចូលកៀកនៅក្នុងទំនាក់ទំនងនៃគ្រួសារអ្នកស្រី
ពាន់ ភួងបុប្ផា
តែនាងមិនបានដឹងឮពីការបែកបាក់ស្នេហាក្រោមដំបូលអាពាហ៍ពិពាហ៍របស់
លោកទូច ភួងវីរៈ និង នាង សោម ម៉ាល័ក្ខ នោះទេ
ហើយនាងក៏មិនមានការជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះដែរហើយនាងក៏
មិនចង់និយាយបកស្រាយច្រើនដែរ
ព្រោះខ្លាចមានការប៉ះពាល់ដល់ក្រុមគ្រួសារអ្នកស្រី ពាន់ ភួងបុប្ផា
ពោលគឺនិយាយច្រើនខុសច្រើន។
តារាសម្តែងស្រីវ័យ២៤ឆ្នាំរូបនេះនិយាយថា៖«បើនិយាយពីរឿងនោះ
(ការបែកបាក់ វីរៈ និងម៉ាល័ក្ខ) គេចេះតែចោទប្រកាន់ខ្ញុំតែប៉ុណ្ណោះ
ហើយអ្នកដែលមិនបានដឹងរឿងនេះច្បាស់ ធ្វើឲ្យរឿងកាន់តែរីកធំ។
និយាយទៅ ខ្ញុំ និងម៉ាល័ក្ខ ក៏ជាអ្នករាប់អានគ្នាដែរ
ខ្ញុំមិនទៅលូកលាន់អ្វីនៅក្នុងរឿងរ៉ាវរបស់គេនោះទេ។
ពួកខ្ញុំបានបកស្រាយអស់ហើយ ម៉ាល័ក្ខ ក៏បានបកស្រាយ ទាំងខ្ញុំ ម៉ាល័ក្ខ
និងអ៊ំបុប្ផា សុទ្ធតែបានដឹងច្បាស់ពីរឿងនេះ
ហើយពួកគេក៏ដឹងច្បាស់ថា
ខ្ញុំមិនជាប់ពាក់ព័ន្ធក្នុងរឿងពួកគេបែកគ្នាដែរ»។
ទស្សនិកជនរមែងបង្ហើបការចាប់អារម្មណ៍ថា
តារាសម្តែងប្រសូតចេញពីហ្វ្រេស៊ីលេខ៤ ឆ្នាំ២០០៩រូបនេះ និងអ្នកស្រី
ពាន់ ភួងបុប្ផា មានភាពស្និទ្ធស្នាលប្លែកប្រៀបបាននឹងគ្រួសារតែមួយ
ហើយនៅពេលទៅណាមកណាតែងមានវត្តមានជាមួយគ្នាជានិច្ចដែលគេចាប់
អារម្មណ៍ថា មាន សូនីតា អាចនឹងដើរតាមគន្លងរបស់ នី មុល្លីកា និងសោម
ម៉ាល័ក្ខ ។ ទោះបីមានការលើកឡើងយ៉ាងនេះក្តី
ប៉ុន្តែតារាដែលកំពុងស្ទួចបានប្រជាប្រិយភាពមួយក្តាប់ធំនាង
មានសូនីតា បានបញ្ជាក់ថា រវាងនាង និងអ្នកស្រី ពាន់ ភួងបុប្ផា
មានទំនាក់ទំនងដូចគេឯងធម្មតា មិនមានអ្វីលើសពីនេះ
ហួសក្លាយទៅជាកូនធម៌ ឬអ្វីនោះឡើយ។
ដោយឡែកអ្នកនិពន្ធ និងដឹកនាំការសម្តែងល្បីឈ្មោះអ្នកស្រី ពាន់
ភួងបុប្ផា មិនអាចទាក់ទងសុំការបកស្រាយបានទេកាលពីម្សិលមិញ៕
0 comments