ប្រភព៖ដើមអំពិល
ស្វាយរៀង៖ យោងតាមប្រភព មួយបានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣ មានព្រឹត្តិការណ៍ ភ្ញាក់ផ្អើលមួយ កើតឡើងដោយបុរសម្នាក់ បានលោតពីបន្ទប់លេខ២ ជាន់ទីពីរ នៃកាស៊ី ណូពិភពថ្មី ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធ ទៅនឹងករណីបង្ខាំង មនុស្សខុសច្បាប់។
ជនរងគ្រោះ ដែល សម្រេចចិត្ត លោតពីជាន់ទីពីរនោះមាន ឈ្មោះ ង្វៀន ភីតឹង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើស្រែ មានទីលំនៅនៅភូមិ៩ ឃុំតឹងអាង ស្រុកយ៉ីវម៉ូត ខេត្តប៊ិនយឿង ដោយសារតែបាន ខ្ចីលុយគេចំនួន២៥០០ ដុល្លារអាមេរិក ហើយចាញ់ល្បែងអស់ និងគ្មាន លុយសង ក៏ត្រូវគេបង្ខាំងទារ ប្រាក់តែម្តង។
បុរសនេះ ទទូលរងរបួសបាក់ ប្រអប់ជើងស្តាំ និងរបួសក្បាលធ្ងន់ធ្ងរ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ឯកជនផាសុខភាព២ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តែដោយជំងឺមាន សភាពធ្ងន់ធ្ងរពេក ទើបបន្តយក ទៅព្យាបាលនៅ ប្រទេសវៀតណាមទៀត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ មាន៖ ទី១-ឈ្មោះ ង្វៀន យ៉ាំងកឺ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ រ៉ូលីង ទី២-ឈ្មោះ ង្វៀន ធីង៉ុកវី ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ រ៉ូលីង និងទី៣-ឈ្មោះ ហ្វិន ង៉ុកហាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។
លោក លឹម អៀង ប្រធានស្នាក់ការ នគរបាលសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយសួរចម្លើយ សមត្ថកិច្ច របស់លោក បានបញ្ជូន ជនពាក់ព័ន្ធ ចំនួន០២នាក់ទៅ សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការ តាមច្បាប់ហើយ ដោយឡែក ជនម្នាក់ទៀតឈ្មោះ ង្វៀន ធីង៉ុកវី មិនមានការពាក់ព័ន្ធទេ ហើយកម្លាំងរបស់លោក កំពុងស្វែងរក ជនពាក់ព័ន្ធ ផ្សេងទៀត ដែលបានធ្វើទារុណកម្ម លើជនរងគ្រោះ និងពាក់ព័ន្ធ ទៅនឹងករណីនេះ។ គួររម្លឹកថា តាមបណ្តាកាស៊ីណូ ក្នុងក្រុងបាវិត តែងតែកើតមាន ករណីបង្ខាំងមនុស្ស ខុសច្បាប់នេះជាញឹកញាប់ ដោយសារតែម្ចាស់ទីតាំង បានឲ្យដៃជនល្មើស និងមិនមាន កិច្ចសហការល្អ ជាមួយសមត្ថកិច្ច៕
0 comments