ដោយ ខ្មែរឡូត
កាលពីពេលថ្មីៗ កន្លងទៅនេះ ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់មួយ បានកើតឡើង នៅក្នុងសួនទឹកសំរាប់សត្វចិញ្ចឹម Chaoyang នៃទីក្រុងប៉េកាំង ប្រទេសចិន បណ្តាលឲ្យ បុរសវ័យក្មេងម្នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ដោយក្នុងនោះ សត្វឆ្កែ ២ក្បាល ក៏បានងាប់ផងដែរ។
ប្រភពព័ត៌មាន ចិន បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ បុរសរងគ្រោះ រួមជាមួយ ប្រពន្ធ បាននាំសត្វឆ្កែចិញ្ចឹមរបស់ខ្លួន ទៅលេងកំសាន្តនៅសួនទឹកខាងលើ។ យ៉ាងណាមិញ ម៉ោងប្រមាណជា ៥ល្ងាច ខណៈពេលកំពុងតែលេងទឹក សត្វឆ្កែទាំងពីរក្បាល របស់គាត់ ស្រាប់តែភ្លាមៗនោះ មានសភាពមិនស្រួល ដូចជាត្រូវរបួស និង ទៅមុខមិនចង់រួច ទើបបានជា បុរសរងគ្រោះ ដើរទៅទាញយកពួកវា ចេញពីទឹក តែជាអកុសល បែរជាត្រូវឆក់ សន្លប់ស្តូកស្តឹងតែម្តង រីឯប្រពន្ធរបស់គាត់ ក៏ត្រូវឆក់សន្លប់ បាត់ស្មារតីផងដែរ ព្រោះតែចង់ជួយដល់ប្តី។
ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះបានទៅដល់ ដើម្បីជួយដល់ជនរងគ្រោះ ដោយក្នុងនោះស្ត្រីជាប្រពន្ធ បានដឹងខ្លួនឡើងវិញ រីឯប្តី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលក្រោយមក ត្រូវបានប្រកាសថា ស្លាប់បាត់ទៅហើយ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?
0 comments