Friday, August 9, 2013

បទ​វិភាគ៖ មូលហេតុ​ព័ត៌មាន​វិទ្យុ​និង​ទូរទស្សន៍​ក្នុង​ស្រុក​បាត់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​​(សំលេង)

ក្រោយ​ពី​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​សមាគម​អ្នក​សារព័ត៌មាន អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​រួច​មក ប្រធាន​បទ​នេះ​មាន​សាធារណជន​ចាប់​អារម្មណ៍​ច្រើន​ឡើង ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​នាំ​គ្នា​ជជែក​វែក​ញែក​អំពី​ឯករាជ្យ​ភាព​នៃ​កម្ម​ វិធី​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន។

តើ​មូលហេតុ​អ្វី​បាន​ជា​បណ្ដាញ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​បាត់​បង់​ប្រជាប្រិយភាព ឬ​បាត់​ទំនុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន?



ការ​វិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ បាន​ជួយ​សម្រួល​ជីវភាព​រស់​នៅ និង​ចំណេះ​ដឹង​ប្រជាពលរដ្ឋ​ក្នុង​សង្គម​បាន​យ៉ាង​ច្រើន។ ផ្ទុយ​ទៅ​វិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​អាច​បំពុល​បរិយាកាស​ក្នុង​សង្គម​បាន​ដែរ ប្រសិន​បើ​អង្គភាព​សារព័ត៌មាន​នោះ​មិន​គោរព​ក្រម​សីលធម៌ និង​មិន​ប្រកាន់​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ។ ដូច្នេះ​ហើយ ទើប​នៅ​ថ្ងៃ​ទី៤ ខែ​សីហា កន្លង​ទៅ​នេះ សមាគម​អ្នក​សារព័ត៌មាន អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ ដែល​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា រយៈពេល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ រហូត​មក​ដល់​បច្ចុប្បន្ន បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ស្រុក​មួយ​ចំនួន ទំនង​មិន​ទាន់​បាន​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ឡើយ ដូច​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​ភាព​លម្អៀង ដើម្បី​តែ​ផល​ប្រយោជន៍​របស់​ខ្លួន បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ព័ត៌មាន​មាន​ការ​ភ័ន្តច្រឡំ និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កាន់​តែ​ធ្លាក់​ទៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត។

បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ហាក់​ដូច​ជា​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​លក្ខណៈ​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច ដែល​ព័ត៌មាន​ទាំងអស់​ផ្សាយ​តែ​ពី​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ខុស​ពី​បណ្ដា​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​អន្តរជាតិ វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ហាក់​មិន​បាន​អើពើ និង​ផ្សាយ​ពី​ព្រឹត្តិការណ៍​ព័ត៌មាន​កើត​ឡើង​ប្រចាំ​ថ្ងៃ អំពី​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល ការ​រំលោភ​សិទ្ធិ​មនុស្ស បាតុកម្ម រឿង​នយោបាយ​ដែល​ពាក់ព័ន្ធ​រាល់​ភាគី​នយោបាយ​ទាំងអស់​នោះ​ទេ។

ឧទាហរណ៍ ដូច​ជា​អ្នក​ភូមិ​បឹងកក់ តវ៉ា​ពី​ការ​រឹប​អូស​យក​ដី ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​តវ៉ា​រឿង​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​មាន​ប្រាក់ ឧកញ៉ា រឹប​អូស​យក​ដី​ពួក​គាត់​ជា​ដើម គឺ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ហាក់​ដូច​ជា​រំលង​ចោល។ ចំណែក​រឿង​ព្រឹត្តិការណ៍​នយោបាយ​ធំៗ ដែល​ទាក់ទង​ភាគី​បក្ស​ប្រឆាំង ក៏​ដូច្នេះ​ដែរ។ ជាក់ស្ដែង ដូច​ជា​នៅ​ថ្ងៃ​ទី១៩ កក្កដា កន្លង​ទៅ​នេះ ដែល​ជា​ថ្ងៃ​ដែល លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា ក្រោយ​ពី​ការ​និរទេស​ខ្លួន​ឯង​អស់​រយៈពេល ៤​ឆ្នាំ​កន្លង​ទៅ បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មិន​បាន​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ទេ តែ​ហាក់​ដូច​ជា​ចាំ​រិះគន់ និង​បំភ្លៃ​ព័ត៌មាន​នេះ​ទៅ​វិញ។

មិន​ខុស​គ្នា​នឹង​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​អសីលធម៌​មួយ​របស់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទេ ស្ទើរ​គ្រប់​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក ជា​ពិសេស​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក បាន​ចាក់​ផ្សាយ​អំពី​ឆាក​ឈុត​ព័ត៌មាន​ដែល​អ្នក​ផលិត​តែ​មួយ ហើយ​ចែក​គ្នា​ចាក់​ផ្សាយ​តាម​ស្ថានីយ​តៗ​គ្នា ដោយ​មិន​បាន​ធ្វើ​តុល្យភាព។ ជា​លទ្ធផល គណបក្ស​ប្រជាជន ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ ព្រោះ​វា​បង្ហាញ​ភាព​អាក្រក់​ពី​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​របស់​បក្ស​កាន់​អំណាច។

ក៏ប៉ុន្តែ ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​ខ្លះ​ទៀត បែរ​ជា​មាន​ប្រតិកម្ម​ជា​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ។ ជាង​នេះ​ទៅ​ទៀត​នោះ ពួក​គាត់​បាន​រិះគន់​អ្នក​អត្ថាធិប្បាយ​ថា គ្មាន​វិជ្ជាជីវៈ ព្រោះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំង​នោះ អ្នក​អត្ថាធិប្បាយ​បាន​បន្ថែម​បន្ថយ​ល្បោយ​ខ្លះ ហើយ​ម៉ៃ​យុវជន​បក្ស​សង្គ្រោះ​ជាតិ ថា សុទ្ធ​តែ​ក្មេង​ទំនើង និង​ញៀន​ថ្នាំ។

មើល​ទៅ! ការ​ផ្សាយ​ដូច្នេះ​ហាក់​ដូច​ជា​លាប​ពណ៌​យុវជន​មួយ​ក្រុម​នេះ ហើយ​បាន​ធ្វើ​ឲ្យ​យុវជន​បក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ប្រកាស​តាម​ហ្វេសប៊ុក​ថា ពួក​គេ​លែង​ទិញ​ផលិត​ផល​បទ​ចម្រៀង​របស់​ផលិតកម្ម​ហង្សមាស ទៀត ព្រោះ​បាន​ចូល​រួម​ផ្សព្វផ្សាយ​វីដេអូ​លម្អៀង​នេះ​ដែរ។ ក្រៅ​ពី​នេះ ការ​ផ្សាយ​នោះ​បាន​បង្ក​អោយ​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង បង្កើត​បរិយាកាស​ឲ្យ​មាន​ការ​ស្អប់​គ្នា​រវាង​យុវជន និង​យុវជន ព្រម​ទាំង​បង្កើត​ជា​គំនុំ​គុំគួន​ទៀត​ផង។

ទន្ទឹម​នឹង​នេះ ការ​លាប​ពណ៌​អោយ​យុវជន ការ​បំភាន់ ឬ​ធ្វើ​អោយ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​វង្វេង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នោះ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សហប្រជាជាតិ​អភិវឌ្ឍន៍​កម្មវិធី​នៅ​ប្រទេស​កម្ពុជា ឆ្នាំ​២០១០ បាន​បង្ហាញ​ថា ៧០% នៃ​យុវជន​ដែល​បាន​ផ្តល់​ចម្លើយ​សរុប (២.០០០​នាក់) គឺ​ពួក​គេ​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​នយោបាយ ហើយ​ក្នុង​ការ​សិក្សា​នេះ​ទៀត​សោត ក៏​បាន​បញ្ជាក់​ថា ៧៨% នៃ​យុវជន​សរុប ទទូច​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ គួរ​តែ​មាន​ភាព​ស្មើ​គ្នា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ​ផង​ដែរ។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ឲ្យ​យល់​ដឹង​អំពី​ការ​វិវឌ្ឍន៍​របស់​សង្គម ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ល។ ហើយ​ប្រជាពលរដ្ឋ​អាច​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ទូលាយ ព័ត៌មាន​ពិត មាន​ក្រម​សីលធម៌​ល្អ និង​ឯករាជ្យ ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

បន្ថែម​ពី​នេះ​ទៅ​ទៀត ការ​បាត់​បង់​ប្រជាប្រិយ​ភាព និង​បាត់​បង់​ទំនុក​ចិត្ត​ស្ទើរ​តែ​ទាំង​ស្រុង បាន​ធ្វើ​អោយ​ការ​និយម​ទស្សនា​ព័ត៌មាន​ទូរទស្សន៍​ក្នុង​ស្រុក កាន់​តែ​ថមថយ ហើយ​ងាក​មក​រក​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដ៏​មាន​ប្រជាប្រិយ​ភាព​ពី​សំណាក់​យុវវ័យ។ មាន​ការ​ឆ្លង​ឆ្លើយ​រវាង​យុវជន​អ្នក​លេង​ហេ្វសប៊ុក បាន​លើក​ឡើង​ថា ការ​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ក្នុង​ប្រទេស​ខ្មែរ​យើង​ឈឺ​ក្បាល​ណាស់ រឿង​ស​ថា​ខ្មៅ រឿង​ខ្មៅ​ថា​ស ព័ត៌មាន​មួយ​ភាគ​ធំ​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង មិន​មាន​ផ្សាយ​ទេ បែរ​ជា​ទៅ​ឃើញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៅ​វិញ ហើយ​បើ​ទូរទស្សន៍​ផ្សាយ​វិញ គ្មាន​យុត្តិធម៌​សោះ ស្តាប់​តែ​មួយ​ចំហៀង​ពិបាក​សន្និដ្ឋាន​ណាស់ នេះ​បើ​គ្មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ ប្រហែល​ជា​មិន​ដឹង​រឿង​រ៉ាវ​សំខាន់ៗ ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​ខ្លួន​ទេ ឬ​មិន​ដឹង​ថា​ពិភពលោក​នេះ​ធំ​ប៉ុណ្ណា​នោះ​ទេ។

បច្ចុប្បន្ន​នេះ និន្នាការ​ផ្សាយ​ព័ត៌មាន​ស្រុក​ខ្មែរ​នៅ​មាន​កម្រិត និង​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ទៅ​តាម​កម្រិត​ស្តង់ដារ​វិជ្ជាជីវៈ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ សារព័ត៌មាន​ស្ទើរ​គ្រប់​ស្ថានីយ គាំទ្រ​រាជ​រដ្ឋាភិបាល ផ្សាយ​ធ្វើ​ឲ្យ​ប៉ះពាល់​សង្គម ឬ​ក៏​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាដើម។ ចំណែក​ឯ​សារព័ត៌មាន​ណា​ដែល​មាន​លក្ខណៈ​អព្យាក្រឹត ឯករាជ្យ ឬ​ក៏​ប្រឆាំង​វិញ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​តាម​គំរាម​កំហែង និង​រក​លេស​បិទ។ ជា​រួម ការ​កែប្រែ​ពី​ការ​ចុះ​ផ្សាយ​រូបភាព​អាក្រាត ហិង្សា​កាច​សាហាវ​នៅ​លើ​កាសែត​សារព័ត៌មាន​ក្នុង​ស្រុក ទៅ​ជា​ការ​ពេញ​និយម​ផ្សាយ​តាម​លើ​កញ្ចក់​ទូរទស្សន៍ អំពី​ព័ត៌មាន​បែប​ហិង្សា ពាណិជ្ជកម្ម​ស្រាបៀ សកម្មភាព​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ឃើញ​ថ្លុក​ឈាម និង​ជន​រងគ្រោះ​ស្លាប់ ឬ​ក៏​សន្លប់​ស្តូកស្តឹង​ច្រងាងៗ​នៅ​លើ​ដង​វិថី រួម​និង​ការ​អត្ថាធិប្បាយ​ជា​ល្បោយ​ក្លែម​ទៀត​ផង​នោះ មិន​បាន​អប់រំ​ផ្តល់​ចំណេះ​ទៅ​ប្រជាពលរដ្ឋ​ទេ ផ្ទុយ​ទៅ​វិញ វា​ហាក់​បី​ដូច​ជា​បង្រៀន​ឲ្យ​ធ្វើ​តាម​ទៅ​វិញ ដូច​ជា ការ​ធ្វើ​អត្តឃាត និង​ការ​សម្លាប់​ដោយ​ការ​កាត់​ទោស​ពី​មហាជន ដែល​ហៅ​ថា​តុលាការ​ប្រជាជន​ជាដើម។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន ប្រទេស​កម្ពុជា មាន​ស្ថានីយ​ទូរទស្សន៍​ចំនួន ១៣ បណ្ដាញ​ទូរទស្សន៍​ខ្សែ​កាប​ចំនួន ១២៣ និង​ស្ថានីយ​វិទ្យុ​ចំនួន ១១៨។

សរុប​សេចក្តី​មក បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន​ក្នុង​ស្រុក បើ​មិន​កែទម្រង់ ឬ​កែប្រែ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​ក្នុង​ជីវភាព​រស់​នៅ​ប្រកប​ដោយ​ចំណេះ​ដឹង និង​ការ​អប់រំ​នោះ​ទេ នោះ​នឹង​ប្រឈម​កាន់​តែ​ធ្ងន់ធ្ងរ​នូវ​ការ​បាត់​ប្រជាប្រិយ​ភាព និង​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​នៅ​ពេល​នោះ នឹង​បាត់​អតិថិជន​គាំទ្រ​ជាក់​ជា​មិន​ខាន៕

ប្រភពពី នាវា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top