យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសម្នាក់ត្រូវមនុស្សមួយក្រុម មានគ្នាប្រហែលជិត ១០នាក់ ប្រើកាំបិតចាក់លើបុរសរូបនោះ ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងហាងមួយកន្លែង មានឈ្មោះថា Eminent plaza ស្ថិតក្នុងស្រុក Jalan Besar ប្រទេសសឹង្ហបុរី កាលពីវេលាម៉ោង ៣ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
បើតាមសម្តីរបស់មិត្តភក្តិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានមកចូលរួម ក្នុងពិធីខួបកំណើររបស់មិត្តភក្តិ ដែលធ្វើឡើងនៅខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងហាង Eminent plaza នៅវេលាម៉ោង ៣ព្រឹក ហើយក៏មានការឈ្លោះប្រកែកគ្នាកើតឡើង។ មិត្តភក្តិជនរងគ្រោះបានបន្តទៀតថា បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាកើតឡើង ក្រុមជនបង្កហេតុ ហាក់បីដូចជាបានរៀបចំគំរោង ទុកមុនអីចឹង ដោយក្នុងដៃពួកគេ សឹងតែមានកាំបិតគ្រប់ដៃ ហើយបានចាក់ប្រហារមកលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះត្រូវបានក្រុមជនបង្កហេតុ ចាក់ឲ្យរបួសចំនួន ៦កន្លែង និងបានដេរអស់ ៣៧ថ្នេរ។
យ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៏ វាយកាប់ចាក់គ្នានេះ ជនរងគ្រោះបានរត់គេចខ្លួន ទាំងរងរបួសធ្ងន់ ដោយឡើងជិះឡានតាក់ស៊ី និងឲ្យអ្នកបើកបរជូនទៅកាន់មន្ទីរពេទ្យ
ដើម្បីព្យាបាលរបួសតែម្តង៕
0 comments