
អគ្គិភ័យបានបំផ្លិចបំផ្លាញការិយាល័យធ្វើការរបស់កាសែតដើមអម្ពិល មានលោក សយ សុភាព ជាថៅកែ ឋិតនៅអគារលេខ៥៧A ផ្លូវលេខ៤៨០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ០៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣នេះ ប៉ុន្ដែមិនឃើញមានព័ត៌មានមួយណាផ្សព្វផ្សាយឱ្យគគ្រឹកគគ្រេងដូចប្រជាប្រិយភាពរបស់កាសែតដើមអម្ពិលទេ ។
តាមការប្រកាសរបស់លោក សយ សុភាព ថៅកែកាសែតដើមអម្ពិល និងជាអ្នកវិភាគព័ត៌មាននៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន បានឱ្យដឹងថា អគ្គិភ័យដែលឆាបឆេះអគារធ្វើការរបស់កាសែតដើមអម្ពិលនោះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង និងបានបង្កការខូចខាតដល់ម៉ាស៊ីនកុំព្យូទ័រចំនួន១១គ្រឿង និងសម្ភារៈផ្សេងៗទៀត បូករួមទាំងអគារធ្វើការត្រូវទទួលរងការខូចខាតអស់ពាក់កណ្ដាលផងដែរ ។
ថៅកែកាសែតដើមអម្ពិលបានចុះផ្សាយនៅក្នុងគេហទំព័ររបស់ខ្លួនថា អគ្គិភ័យដែលបានឆាបឆេះបំផ្លិច បំផ្លាញអគារធ្វើការកាសែតដើមអម្ពិលនោះ ត្រូវបានក្រុមប្រជាពលរដ្ឋភូមិផងរបងជាមួយ និងបុគ្គលិក មណ្ឌលអាពាហ៍ពិពាហ៍ណាំទ្រា ព្រមទាំងអាជ្ញាធរមូលដ្ឋានបានចូលរួមជួយអន្ដរាគមន៍ពន្លត់ទាន់ពេលវេលា ទើបមិនបណ្ដាលឱ្យមានស្ថានភាពរងគ្រោះធ្ងន់ធ្ងរ ។
នេះទំនងជាលើកទីមួយហើយដែលកាសែតដើមអម្ពិលដ៏ល្បីល្បាញនៅកម្ពុជា ក្រោមការដឹកនាំរបស់ លោក សយ សុភាព អ្នកវិភាគព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវគ្រោះអកុសលអគ្គិភ័យ ៕


0 comments