Saturday, August 3, 2013

នាយក​សាលា​ដែល​ជិតដិត​ជាមួយ ប្រធាន​មន្ទីរអប់រំ​ខេត្តកំពង់ចាម ប្រកាស​លក់​វិញ្ញាសា ប្រឡង​បាក់​ឌុប​ ចាប់ពី៣០​ដល់ ១០០​ដុល្លារ​

ប្រភព៖ Khmer-News

ខេត្តកំពង់ចាម ៖ សមាគម​គ្រូបង្រៀន ឯករាជ្យ​កម្ពុជា បាន​ទ​ទួល​​​សេចក្តី រាយ​​​ការណ៍ ពី​អាណាព្យាបាល​សិស្ស និង​បេក្ខជន ​ប្រឡង​ថ្នាក់​ទី​១២ ទាក់ទិន​ការលក់ ​វិញ្ញាសា​ប្រឡង ទ្រង់ទ្រាយ​ធំ​ នៅ​ខេត្តកំពង់ចាម ហើយក៏​ មានការ​ ទទូច​សុំ​ឲ្យ សមាគម​គ្រូបង្រៀន ឯករាជ្យ​កម្ពុជា របស់លោក រ៉ុង ឈុន ជួប​ទប់ស្កាត់​ភាពមិនប្រក្រតី​នេះ ឲ្យ​បាន​មុន​ការប្រឡង​ចូលមក​ដល់​។​

យោងតាម​សេចក្តីជូនដំណឹង របស់​សិស្ស​ថ្នាក់​ទី​១២  នៅ​ទី​រួម​ខេត្តកំពង់ចាម ដែល​ត្រូវ​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៣​នេះ បាន​ឲ្យ​ដឹងថា នៅតាម​វិទ្យាល័យ​នានា ក្នុង​ទី​រួម​ខេត្តកំពង់ចាម មានការ​ប្រកាស​លក់​វិញ្ញាសា ប្រឡង​បាក់​ឌុប​ក្នុង​ទ្រង់ទ្រាយ​ធំ ធ្វើ​ឡើងជា​ចំហ ដោយមាន​ការកំណត់​តម្លៃ ប្រកួតប្រជែង​ទៀតផង ហើយ​ដែល​ភាគច្រើន អ្នក​ដែល​ហ៊ាន​ចេញមុខ លក់​វិញ្ញាសា​សុទ្ធតែ​ថ្នាក់ដឹកនាំ​សាលា​តែម្តង ។
 
​មានការ​បញ្ជាក់​ផងដែរ​ថា តម្លៃ​ដែល​ប្រកាស​លក់​វិញ្ញាសា មាន​ចាប់ពី ៣០​ដុល្លារ សម្រាប់ ៥​មុខវិជ្ជា រហូតដល់ ១០០​ដុល្លារ សម្រាប់ ១០​មុខវិជ្ជា​។ ប្រសិនបើ​គេច​ង់​ទិញ គឺ​ទាក់ទង​តាម​បណ្តាញ របស់​ថ្នាក់ដឹកនាំ​សាលា រួមមាន​ទាំង​សាលា​ដីដុះ និង​សាលា​វិទ្យាល័យ​ព្រះសីហនុ​ផងដែរ ហើយ​ថ្នាក់​នាយក​សាលា ដែល​ហ៊ាន​ចេញមុខ​លក់ វិញ្ញាសា​ប្រឡង ជា​ចំហ​បែបនេះ សុទ្ធសឹងតែ​ជាម​មនុស្ស​ជំនិត របស់​ប្រធាន​មន្ទីរអប់រំ​ខេត្តកំពង់ចាម ។​
 
​លិខិត​របស់​សិស្ស​ថ្នាក់​ទី​១២ បាន​បន្តថា ថ្វីត្បិតតែ​ពួកគេ ជា​អ្នក​ប្រឡង គឺ​ពួកគេ​ពិតជា​ចង់បាន នូវ​ការប្រឡង​មួយ ដែល​ផុស​ចេញពី សមត្ថភាព​ផ្ទាល់ខ្លួន  ពួកគេ​មិន​ចង់បាន​នូវ រូបភាព​បែបនេះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​តម្លៃ នៃ​ការប្រឡង​គ្មាន​គុណភាព ។ ដោយឡែក​អាណាព្យាបាល​ជាច្រើន បាន​បញ្ជាក់ថា កូនៗ​បាន​រំអុក​សុំ​ប្រាក់ ទៅ​ទិញ​ចម្លើយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប ដោយបាន​ប្រាប់ថា មានតម្លៃ​ចាប់ពី ៣០​ដុល្លារ រហូតដល់ ១២០​ដុល្លារ ។ សម្រាប់ ១២០​ដុល្លារ គឺ​ត្រូវ​គ្រប់មុខ​វិជ្ជា ។​
 

​កន្លងមក​មាន​បាតុភាព​មិន​ប្រក្រតី កើត​ឡើងជា​ញឹកញាប់ នៅក្នុង​មន្ទីរអប់រំ​ខេត្តកំពង់ចាម ហើយ​រៀង​រាល់ពេល​ប្រឡង ក៏​តែងតែមាន​ការលក់​វិញ្ញាសា ឬ​ការធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសា ដោយ​នាយក​សាលា​មួយចំនួន មិនបាន​អនុវត្តន៍ ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ របស់​ក្រសួង​អប់រំ​នោះទេ​។ គួរ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប ឆ្នាំ​២០១៣ មាន​បេក្ខជន​ប្រមាណ  ១០៧៨៣៥​នាក់ ហើយ​មណ្ឌល​ប្រឡង មាន​ចំនួន ២៣៤ ដោយ​ចែកជា ៤៣៩០​បន្ទប់ នៅ​ទូទាំងប្រទេស​៕



Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top